ថ្មីៗនេះ ផលិតកម្ម Rock បានប្រកាសឲ្យដំណើរការឡើងវិញហើយ លោក ខាន់
ជេមស៍ តារាចម្រៀងដែលផ្ដើមអាជីពសិល្បៈជាមួយផលិតកម្មនេះ
បានសម្ដែងក្ដីត្រេកអរជាខ្លាំង ប៉ុន្តែលោកថ្លែងថា
ខ្លួនមិនអាចត្រឡប់ទៅវិញបានឡើយ
ត្បិតអីនៅជាប់កុងត្រាជាមួយផលិតកម្មសាន់ដេច្រើនឆ្នាំទៀត។
ម្ចាស់បទ “របាំចងស្នេហ៍” បានឲ្យដឹងថា
ថ្នាក់ដឹកនាំរបស់ផលិតកម្ម Rock បានទាក់ទងមកដោយ
បបួលលោកទៅច្រៀងឲ្យផលិតកម្មRockវិញ
ប៉ុន្តែដោយនៅជាប់កុងត្រាក្នុងផលិតកម្មសាន់ដេ ជាង២ឆ្នាំទៀត
ទើបលោកឆ្លើយបដិសេធន៍។ “នៅផលិតកម្មសាន់ដេ ខ្ញុំ
ចុះកុងត្រា៥ឆ្នាំហើយលូវទើបបានជាង២ឆ្នាំទេ ខ្ញុំទៅម៉េចកើត!”
លោក ខាន់ ជេមស៍ បញ្ជាក់។
ខាន់ ជេមស៍ បានលើកឡើងថា លោកមិនភ្លេចគុណបំណាច់ផលិតកម្ម Rock
ឡើយ ត្បិតអីប្រជាប្រិយរបស់លោកដែលមានរហូតមកដល់បច្ចុប្បន្ន
គឺផ្ដើមចេញមកពីផលិតកម្មRock ប៉ុន្តែការធ្វើអ្វី
ក៏ទៅតាមច្បាប់ដែរ មិនអាចចេញទៅទាំងទទឹងទិសបានឡើយ។
តាមគោលការណ៍ផលិតកម្ម Rock នឹងកៀរគរប្រមូលតារាចម្រៀងចាស់ៗ
ដែលមានសក្ដានុពលរបស់ខ្លួនមកវិញ ជាមួយគ្នានោះ
ក៏មានការជ្រើសរើសតារាចម្រៀងថ្មីៗទាំងជាតិ
និងអន្តរជាតិជាច្រើនទៀត ដើម្បីវាយលុកទីផ្សារ Original Song
ដោយថ្មីៗនេះ ផលិតកម្ម ថែមទាំងបានចុះកុងត្រាជាមួយក្រុម SOD
របស់កូរ៉េ៣នាក់បន្ថែមទៀត។ នេះបើតាមការលើកឡើងរបស់លោក Raindy
នាយកទីផ្សារ។
ជុំវិញការប្រកាន់គោលការណ៍ផលិតតែ Original Song លោកខាន់ ជេមស៍
បានគាំទ្រជាខ្លាំង ហើយលោកមានក្ដីសង្ឃឹមថា
ផលិតកម្មនឹងធ្វើបានដោយជោគជ័យ ស្របពេលដែលយុវវ័យបច្ចុប្បន្ន
ងាកមកគាំទ្រ Original Song កាន់តែខ្លាំង៕